Ten Hag ថាខ្សែប្រយុទ្ធជំនួស Ronaldo ត្រូវតែមានគុណភាព មិនមែនយកមកគ្រាន់តែបង្រ្គប់ក្រុមទេ

Erik ten Hag បានអះអាងថា Manchester United នឹងស្វែងរកតែកីឡាករដែលមានគុណភាពប៉ុណ្ណោះ មកជំនួសតំណែង Cristiano Ronaldo។
បិសាចក្រហមបច្ចុប្បន្នកំពុងខ្វះជម្រើសនៅខាងមុខបន្ទាប់ពីការចាកចេញភ្លាមៗរបស់ Cristiano Ronaldo កាលពីខែមុន។ Manchester United បានបញ្ចប់កិច្ចសន្យារបស់តារាឆ្នើមព័រទុយហ្គាល់កាលពីខែវិច្ឆិកា បន្ទាប់ពីកិច្ចសម្ភាសន៍ដ៏ផ្ទុះកក្រើកជាមួយលោក Piers Morgan។
Erik ten Hag បានទទូចថាក្លឹបកំពុងស្វែងរកជម្រើសជាមុន បន្ទាប់ពីចែកផ្លូវជាមួយ Cristiano Ronaldo។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះក៏បានបញ្ជាក់ផងដែរថា ម្ចាស់ជើងឯកអង់គ្លេស២០សម័យ នឹងមិនទិញខ្សែប្រយុទ្ធណាម្នាក់សម្រាប់តែបង្គ្រប់ក្រុមនោះទេ។
លោក Erik ten hag បាននិយាយថា“យើងដឹងថា យើងបានបាត់បង់ខ្សែប្រយុទ្ធម្នាក់ ដូច្នេះត្រូវការបញ្ចូលមួយមកវិញ ប៉ុន្តែត្រូវតែជាកីឡាករដែលត្រឹមត្រូវ ដែលនាំមកនូវគុណភាពមកក្នុងក្រុម មិនមែនគ្រាន់តែបន្ថែមក្នុងបង្រ្គប់ក្រុមនោះទេ។ លក្ខណៈវិនិច្ឆ័យគឺខ្ពស់នៅទីនេះនៅ Manchester United”៕