Ten Hag ព្រមាន De Gea កុំបង្កើតកំហុសច្រើនពេក ប្រយ័ត្នបាត់ឱកាសជម្រើសដំបូង

លោក Erik Ten Hag បាននិយាយព្រមានទៅកាន់អ្នកចាំទី David de Gea ថាកុំឱ្យមានកំហុសច្រើនពេកសម្រាប់ការប្រកួតខាងមុខនេះ ព្រោះកន្លងមកមានគេបង្កកំហុសដែលមិនសមឱ្យកើតមានច្រើនលើកមកហើយ។
De Gea ជាអ្នកចាំទីដៃទីមួយរបស់ក្រុម Manchester United ជាច្រើនឆ្នាំមកហើយ។ អ្នកចាំទីសញ្ជាតិអេស្ប៉ាញនេះ បានសង្គ្រោះបាល់គ្រោះថ្នាក់ជាច្រើនឱ្យបិសាចក្រហម ប៉ុន្តែក៏មានបង្កកំហុសមិនគួរឱ្យកើតមានច្រើនដែរនៅប៉ុន្មានប្រកួតចុងក្រោយនេះ។ រហូតដល់លោក Ten Hag កត់សម្គាល់ទៅហើយ និងបាននិយាយព្រមានទៅកាន់រូបគេផងដែរ។
អ្នកចាត់ការក្រុមសញ្ជាតិហុល្លង់បានលើកឡើងថា៖ “ពីថ្ងៃនេះ ខ្ញុំមិនអាចព្រងើយជាមួយកំហុស De Gea នោះទេ។ ខ្ញុំមិនដឹងថាមូលហេតុអ្វីបានជាគាត់មិនអាចទាត់ចំបាល់បាន ប្រហែលជាគាត់មិនទាន់ស្ទាត់ជាមួយគ្រាប់បាល់នៅ Europa League ឬយ៉ាងណា។ រឿងមួយដែលខ្ញុំដឹងច្បាស់គឺគាត់ត្រូវតែដោះស្រាយរឿងនេះ និងពង្រឹងសមត្ថភាពបន្ថែមទៀត។ មិនថាតែគាត់ទេ យើងទាំងអស់គ្នាក៏ត្រូវប្រឹងប្រែងហ្វឹកហាត់ផងដែរ នារដូវកាលនេះយើងត្រូវពង្រឹងសមត្ថភាព និងធ្វើឱ្យកាន់តែបានល្អថែមទៀត”៕