Ten Hag ៖ Casemiro លេងកាច តែយុត្ដិធម៌ណាស់

លោក Erik ten Hag និយាយការពារខ្សែបម្រើ Casemiro ថាជាកីឡាករលេងយុត្តិធម៌ម្នាក់ ព្រោះឆ្លងកាត់៥០០ប្រកួតមកហើយ គេមិនដែលបានកាតក្រហមផ្ទាល់ៗនោះទេ។
នៅយប់ម្សិលមិញ Casemiro ត្រូវបានអាជ្ញាកណ្ដាលដកកាតក្រហមបណ្ដេញចេញពីទីលាន ក្រោយពីពិនិត្យ VAR ឃើញថាគេបើកបាតឈូសទៅលើកីឡាករ Carlos Alcaraz នៅតង់ទី១។ នេះជាកាតក្រហមទី២ហើយសម្រាប់កីឡាករប្រេស៊ីលក្នុងរដូវកាលដំបូងនៅ Old Trafford ខណៈដែលកាលលេងនៅ Real Madrid គេកម្រទទួលបានកាតក្រហមផ្ទាល់ៗបែបនេះណាស់។
ចំពោះរឿងនេះដែរ លោក Ten Hag អ្នកចាត់ការក្រុម Manchester United បាននិយាយថា៖ “Casemiro លេង៥០០ប្រកួតនៅអឺរ៉ុប និងមិនដែលបានកាតក្រហមផ្ទាល់នោះទេ ហើយឥឡូវនេះគាត់ទទួលបានកាតក្រហមពីរបាត់ទៅហើយ។ គាត់លេងកាចបន្ដិច ប៉ុន្តែយុត្ដិធម៌។ ច្បាស់ណាស់ វាមើលទៅជាការឈូសយកបាល់អាក្រក់ ប៉ុន្តែគ្រប់គ្នាបានឃើញហើយគាត់បានប៉ះពាល់មុន។ ខ្ញុំប្រាប់អ្នកម្ដងទៀត Casemiro ជាកីឡាករលេងយុត្ដិធម៌ណាស់”៕